Tuesday, November 18, 2014

ទស្សនៈអប់រំអំពីព្រះគុណម៉ែ

               ទស្សនៈអប់រំអំពីព្រះគុណម៉ែ
១. រស្មីសូរិយាថ្លាយល់យង់         ត្រចះត្រចង់គ្របប្រឹថពី   
រុក្ខជាតិសព្វគ្រប់ទិសទី             សំភីបានរស់ជាប្រក្រតី ។        
រស្មីដូងចិត្តនៃអ្នកម្តាយ             ត្រសុំត្រសាយលើបុត្រថ្លៃ
ជីវិតកូនប្រុសនិងកូនស្រី          រស់បានអាស្រ័យដោយហេតុនេះ ។
២. ទ្រូងម៉ែប្រៀបបានស្ថានសួគ៌ា  កក់ក្តៅមហិមាពន់ប្រមាណ        
បានគេងកៀកកើយសុខសម្រាន្ត  សាន្តត្រាណដួងចិត្តឥតហ្មងស្មៅ ។
៣. ម៉ែគឺជាព្រះសំរាប់កូន       ព្រះប្រោសជីវិតឱ្យថ្លាថ្លៃ 
ប្រោសនែនាំផ្លូវឱ្យរួចភ័យ       សាងសុខសួស្តីតទៅមុខ ។
៤. ម៉ែគឺគ្រូដើមបង្រៀនកូន     ឱ្យចេះក្រាបលូនដើរដេកស្តី  
ចេះគិតចេះគួរចេះកែច្នៃ         ចេះលកចេះលៃចេះពិចារណ៌។
៥. ម៉ែគឺព្រះព្រហ្មឧត្តមក្រៃ     សង្រ្គោះបុត្រថ្លៃគ្រប់វេលា
មេត្តាស្រឡាញ់កូនពុំងា         ករុណាសន្តោសប្រោសប្រណី ។ 
មុទិតាទោទន់បើកូនសុខ        ឧបេក្ខាប្រមុខគិតលកលៃ  
៦. ព្រៃឈើជម្រកពួកសត្វព្រៃ ជលស័យជម្រកពួកមច្ឆា 
ផែនដីជំរកអស់សត្តា            មាតាជំរកកូនប្រុសស្រី  ។
៧. សេចក្តីល្អសូម្បីធ្វើមួយលានផង  ឬអស់មួយជីវិតចំពោះពុក
ម៉ែក៏នៅតែឈោ្មះថាមិនអាចតប  គុណពុកម៉ែបានតែការតប
គុណគឺមិនមែនធ្វើដើម្បីសងទេ   តែក៏គឺជាការសាងសេចក្តីល្អ
ដើម្បីខ្លួនដើម្បីម៉ែនិងដើម្បីជា     គំរូល្អនិងសេចក្តីល្អ
ដល់មនុស្សក្នុងសង្គមប្រទេស     សង្គមពិភពលោក ។
៨. មុននឹងចូលដេកគួររំលឹកដល់ព្រះ    ៥ ព្រះអង្គឱ្យបានជានិច្ចកាល
នោះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ    ព្រះម៉ែ និងព្រះពុកជីវិតនឹង
កើតសិរីសួស្តីគ្រប់ពេលព្រោះព្រះ  ទាំង៥ព្រះអង្គនេះសុទ្ធសឹងជា
ព្រះដែលទ្រទ្រង់នូវគុណប្រមាណមិន បាន..អាចញុំាងផលអ្នកបូជា
ឱ្យសំរេចបានដោយហោចសូម្បីត្រឹម  តែការបូជាដោយការគិត ។
៩. ទឹកដោះម៉ែ                គឺជាអាហារចិញ្ចឹមក្រពះកូន
ស្នាមញញឹមរបស់ម៉ែ         គឺជាអាហារចិញ្ចឹមចក្ខុវិញ្ញាណកូន
សម្លេងរបស់ម៉ែ               គឺជាអាហារចិញ្ចឹមសោតវិញ្ញាណកូន
គន្ធពិដោរប្រចាំកាយម៉ែ      គឺជាអាហារចិញ្ចឹមឃានវិញ្ញាណកូន
ការថ្នាក់ថ្នមការសម្ផស្ស      ឱបរិត ការបីពរបស់ម៉ែ                    
គឺជាអាហារចិញ្ចឹមកាយវិញ្ញាណកូន  ហើយទឹកចិត្តព្រហ្មវិហារ                         
ធម៌ដ៏ល្អឥតខ្ចោះរបស់ម៉ែ              គឺជាអាហារដ៏សំខាន់      
សំរាប់ចិញ្ចឹមជីវិតកូនទាំងមូលតែម្តង ។
                                ទស្សនៈអប់រំអំពីស្នេហា
១. ១០សែនសុគន្ធមន្តមាល័យ         ប្រៀបស្មើរសនៃស្នេហ៍មិនបាន
រសស្នេហ៍កើតម្តងជាតិជាប់ប្រាណ    សែនសុខសាន្តពេលមានសេ្នហ៍ ។
សេចក្តីស្នេហ៍ជាធាតុម៉្យាងដែលប្រៀប ដូចជាទឹកអំបិលកាន់តែផឹកកាន់តែស្រេក
កាន់តែភ្លក្សកាន់តែជាប់ចិត្តហើយសំគាល់  ថាជារសដ៏ផ្អែមឆ្ងាញ់
ចាញ់បោកវាហើយ                      នៅឡើយសរសើរវាទៀត ....។
២. ឱថ្ងៃណាមិនបានជួបវង់ភ័ក្រ្ត      ក្តីទុក្ខកើតជាក់ក្នុងចិន្តា
ក្រៀមក្រមចុកណែនពេញឱរ៉ា        ឈឺផ្សាក្តុកក្តួលស្ទើរក្សិណក្ស័យ ។
សេចក្តីស្នេហ៍គឺជាជំងឺអាសន្នរោគ    កើតឡើងហើយបំផ្លាញដួងចិត្តឱ្យ​
ខ្ទេចខ្ទំ វីវក់គ្មានពេលរសាយ ។       កាន់តែស្រឡាញ់ កាន់តែឈឺចាប់
កាន់តែស្មោះត្រង់ កាន់តែទុក្ខកង្វល់  នេះហើយដែលហៅថាជម្ងឺស្នេហា ។
៣. រាត្រីច្រើនដោយដួងតារា      ​    ពន្លឺព្រាល៍ៗមិនសាយសុះ
ព្រះច័ន្ទដួងមួយភ្លឺឥតខ្ទោះ​​             នេះស្មោះថាដួងមានតែមួយ។
ឯស្នេហ៍មានច្រើនជាអនេក        ទុក្ខធ្ងន់ពន់ពេកកើតខ្វល់ព្រួយ           
បើស្នេហ៍ស័្មគ្រស្មោះមួយនិងមួយ    ម្លេះសមសុខស្រួលគ្មានមួហ្មង ។               
សេចក្តីស្នេហាដ៏ស្មោះត្រង់ វា        អាចនាំមកនូវភាពសុខសាន្តបាន        
តែបើគ្មានស្នេហាស្មោះត្រង់ ទេ      នោះ មួយហើយមួយទៀតគ្មាន 
ស្រាកស្រាន្ត ទីបំផុតលទ្ធផល        គឺបញ្ហាគ្រប់ដង្ហើមចេញចូល ។
៤. ពេលថ្ងៃត្រង់សូរិយាសែនប្រត្យ័ក  មិនឃើញមុខវរលក្ខណ៍ទុកពេកក្រៃ
ពេលរាត្រីដួងព្រះច័ន្ទពេញរស្មី​         មិនបានឆោមថ្លៃនែបនិត្យចិត្តកង្វល់ ។
ទាំងយប់ទាំងថ្ងៃគ្រប់ពេល គ្រប់ដង្ហើម  ចេញចូល ដួងចិត្ត តែងតែរំជើបរំជួល​
ជ្រួលជ្រើមក្នុងកាមារម្មណ៍ផ្សេងៗព្រោះ  តែដួងចិត្តលួចប្រាថ្នា ក្នុងបុប្ផាមួយទង
ហើយប្រាថ្នាចង់ឃើញ ចង់នេបនិត្យតែ   គ្រប់យ៉ាងមិនដូចប្រាថ្នា
នេះជារឿងដែល  គួរគិតគួរពិចារណា ។
៥. ក្នុងដួងចិត្តសែនក្តុកក្តាក់ក្តួលណែនក្តឹះ  ដូចភ្លើងពិសឆេះឱរ៉ាផ្សាពេកក្រៃ
មិនឃើញមុខគូសង្សារតែមួយថ្ងៃ        ស្ទើរក្សិណក្ស័យដោយអគ្គីនៃរាគៈ ។
ឃើញទេខ្ញុំថាហើយថាទៀតតែក្តីស្នេហាកើតឡើងហើយ 
សូម្បីពុំបានយល់វង់ភ័ក្ត្រតែ  បន្តិចក៏មានបញ្ហាដេរ ។
រាគៈតណ្ហា ពិតជាធ្វើឱ្យមនុស្សអាចស្លាប់បានណា  ប្រយ័ត្នផង ។
៦. ស្នេហ៍សែនត្រជាក់ដូចទឹកអម្រិត    បានផឹកចូលពិតផុតពិសអន្តរាយ
បំបាត់រោគសោកភ័យផងទាំងឡាយ    ឱ្យកាយសុខស្រួលក្នុងកាមភព ។
មិនគួរចាញ់បោកសោះ នេះគឺជាទស្សនៈអ្នក   មានស្នេហាតែប៉ុណ្ណោះ តាមពិតអ្នកគ្មាន   ស្នេហាទៅវិញទេ ទើបឈោ្មះថាសុខស្រួល ពិតប្រាកដ ចូរចាំទុកផង ។
ស្នេហ៍បាំងវិជ្ជា      ស្នេហ៍បាំងមរណា     ស្នេហ៍បាំងគុណធម៌
ស្នេហ៍បាំងពុកម៉ែ   ស្នេហ៍បាំងមិត្តល្អ      ស្នេហ៍បាំងភាពក្រ
                        ស្នេហ៍បាំងភាពមាន ។
ស្នេហ៍នាំចូលជ្រោះ ស្នេហ៍នាំធ្លោយថ្លោះ  ស្នេហ៍នាំឡើងជ្រុញ
ស្នេហ៍នាំទៅច្រេះ  ស្នេហ៍នាំកើតធុញ     ស្នេហ៍នាំទោម្នេញ
                        ស្នេហ៍នាំល្ងង់ល្ងិត ។
ស្នេហ៍គឺជារោគ     ស្នេហ៍គឺបង់ជោគ      ស្នេហ៍គឺបន្លា
ស្នេហ៍គឺភ័យព្រួយ  ស្នេហ៍គឺមរណា        ស្នេហ៍គឺអន្ធការ
                        ស្នេហ៍គឺពិសពុល ។
ស្នេហ៍កើតពីកាម   ស្នេហ៍កើតពីនាម      ស្នេហ៍កើតពីរូប
ស្នេហ៍កើតពីរាគ    ស្នេហ៍កើតពីលោភ    ស្នេហ៍កើតពីលោក
                        ស្នេហ៍កើតពីចិត្ត ។
 ថ្ងៃណាកើតទុក្ខរអុកចិត្ត        កើតក្តីវិបរិតក្នុងចិន្តា
សូមកូនវិលវិញរកមាតា         គេហាបើកទ្វារចាំជានិច្ច ។
ម៉ែចាំទទួលកូនពិសី             ដោយក្តីសោមនស្សអស់ពីចិត្ត
ចាំជួយសន្តោសប្រោសឆោមស្និទ្ធ ព្យាបាលដួងចិត្តដែលដំបៅ ។
ម៉ែចាំផ្លូវកូនរាល់យប់ថ្ងៃ        កូនដឹងទេអ៊ីណាឆោមឆ្លៅ
ម៉ែពុំដែលខឹងនឹងកូនពៅ       ទោះកូនអាស្រូវនៅអភ័យ ។
ក្តីស្រឡាញ់អ្វីក្នុងលោកា       ពុំស្មើក្តីស្រឡាញ់មាតាថ្លៃ
មាតាស្រឡាញ់កូនប្រុសស្រី   ស៊ូក្សិណក្ស័យគ្មានរអា ។
ពេលខ្លះត្រូវលះបង់ការងារ    ស៊ូទ្រាំគ្រាំគ្រាក្នុងចិន្តា
ទន្ទឹងរង់ចាំបុត្រមាតា           យាត្រាត្រឡប់មករកម៉ែ ។
មកឋិតនៅកៀកប្រអប់ទ្រូង   ឋិតក្នុងរង្វង់ហត្ថទាំងទ្វេរ

ម៉ែនឹងថ្នាក់ថ្នមបមបីថែ        ឱ្យកូនមាសស្នេហ៍បានសុខហោង ។

0 comments:

Post a Comment